ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហាទាក់ទងនឹងការអភិវឌ្ឍន៍ និងធ្វើអាជីវកម្ម គ្មានចីរភាពទៅលើធនធានសំបូរបែបនៅទន្លេសាប បានកើនឡើងជាច្រើន ជាពិសេសការកាប់ឆ្ការានព្រៃលិចទឹក និងការនេសាទខុសច្បាប់បានគំរាមកំហែងដល់ទន្លេសាប។ ទន្លេសាបភាគច្រើន ត្រូវបានកំពុងរងការធ្វើអាជីវកម្ម ហួសពីស្ថានភាពនិរន្តរភាពរបស់ខ្លួន។
ធនធានធម្មជាតិនៅទន្លេសាប ក៏ជាប្រភពទំនាស់មួយ ក្នុងចំណោមអ្នកពាក់ព័ន្ឋ។ អសមភាពនៃសិទ្ឋិក្នុងការទទួលបានធនធាន កំណើនសម្ពាធប្រជាជន ភាពក្រីក្រខ្លាំង សភាពខ្វះខាត ឬ គ្មានសិទ្ឋិកាន់កាប់ និង ភាពខុសគ្នានៃវប្បធម៌ និងជាតិពន្ឋ ធ្វើឲ្យប្រព័ន្ឋអេកូឡូស៊ីនៅបឹងទន្លេសាប និងចំនួនប្រជាជនដែលអាស្រ័យនឹងធនធាននេះ ជួបនឹងហានិភ័យ។
គំរោងជាច្រើន កំពុងយកចិត្ដទុកដាក់ លើការគំរាមកំហែងទាំងនេះ។ ក្នុងចំណោមគំរោងដែលធំជាងគេមួយ ដែលថ្មីៗនេះកំពុងអនុវត្ដ គឺ គំរោងគ្រប់គ្រងបរិស្ថានបឹងទន្លេសាប (២០០២-២០០៧)។ គំរោងនេះព្យាយាមអនុវត្ដជាជំហានទីមួយ ក្នុងចំណោមកិច្ចអន្តរាគមន៍ជាច្រើនជំហាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ការចាប់ផ្ដើមរបស់ធនាគារអភិវឌ្ឍន៍អាស៊ីលើទន្លេសាប) សំរាប់ការគ្រប់គ្រងប្រកបដោយនិរន្តរភាព និងការអភិរក្សធនធានធម្មជាតិ និងជីវចំរុះក្នុងអាងទន្លេសាប។
អនុគំរោងនៃគំរោងគ្រប់គ្រងបរិស្ថានបឹងទន្លេសាប គឺ គំរោងរៀបចំប្រព័ន្ឋទិន្នន័យ ព័ត៌មានបរិស្ថានឋបនីយជីវមណ្ឌលបឹងទន្លេសាប (ប្រ.ទ.ប.ឋ.ជ.ទ)។ គោលបំណងចំបងរបស់គំរោង ប្រ.ទ.ប.ឋ.ជ.ទ គឺបង្កើតប្រព័ន្ឋទិន្នន័យ ព័ត៌មានបរិស្ថាននៅក្នុងលេខាធិការដ្ឋាន ឋបនីយជីវមណ្ឌលបឹងទន្លេសាប (ល.ឋ.ជ.ទ) ដែលនឹងជួយទ្រទ្រង់ ដល់មុខងារសំរបសំរួលរបស់លេខាធិការដ្ឋាន និងផ្ដល់នូវព័ត៌មាន ដែលស្ថាប័នជាដៃគូអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលត្រូវការ។ វេបសាយនេះត្រូវបានបង្កើតឡើងជាផ្នែកមួយ នៃប្រព័ន្ឋទិន្នន័យ ព័ត៌មានបរិស្ថានឋបនីយជីវមណ្ឌលបឹងទន្លេសាប។
សូមចុចបញ្ជីគំរោង និងកម្មវិធីដទៃទៀត ទាក់ទងនឹងឋបនីយជីវមណ្ឌលបឹងទន្លេសាប។ |